អត្ថបទច្បាប់ខ្លីៗ៖ សន្តតិកម្ម និងការផ្តាច់មត៌ក
សន្តតិកម្ម
សន្តតិកម្ម គឺជាពាក្យច្បាប់មួយដែលមានន័យសាមញ្ញថាជាការផ្ទេរសិទ្ធិ និងករណីកិច្ចរបស់អ្នកស្លាប់ទៅឲ្យជនម្នាក់ រឺច្រើននាក់តាមឆន្ទៈរបស់អ្នកស្លាប់ រឺតាមការកំណត់របស់ច្បាប់។ ក្នុងពាក្យច្បាប់ អ្នកដែលស្លាប់ទៅ ត្រូវបានហៅថា “មតកជន” ចំណែកឯជនម្នាក់ រឺច្រើននាក់ដែលទទួលបន្តនូវសិទ្ធិ និងករណីកិច្ចរបស់អ្នកស្លាប់តាមរយៈសន្តតិកម្ម ត្រូវបានហៅថា “សន្តតិជន”។
សន្តតិកម្មត្រូវបានប្រជាពលរដ្ឋទូទៅស្គាល់ក្នុងន័យសាមញ្ញថាជាការស្នងមត៌ក ហើយសន្តតិជនត្រូវបានហៅជាសាមញ្ញថា “ទាយាទ ឬអ្នកស្នងមត៌ក”។ សន្តតិកម្មគឺជារបបនៃការស្នងមត៌កដែលមានចែងក្នុងក្រមរដ្ឋប្បវេណី។ ដោយសារតែសន្តតិកម្មគឺជាការផ្ទេរសិទ្ធិ និងករណីកិច្ចរបស់អ្នកស្លាប់ឲ្យសន្តតិជនដែលនៅរស់ សន្តតិកម្មអាចចាប់ផ្តើមបានលុះត្រាតែមានមរណភាពរបស់មតកជនតែប៉ុណ្ណោះ។ សិទ្ធ (ដូចជា កម្មសិទ្ធិ សិទ្ធិជួល សិទ្ធិលើការបញ្ចាំ សិទ្ធិកាន់កាប់ ជាដើម) និងករណីកិច្ច (ដូចជា ប្រាក់កម្ចី បំណុល កាតព្វកិច្ចផ្សេងៗ ជាដើម) ដែលសន្តតិជនអាចទទួលបន្តបានគឺមានតែសិទ្ធិ និងករណីកិច្ចទាំងអស់ដែលស្ថិតនៅក្រោមទ្រព្យសម្បត្តិរបស់មតកជនតែប៉ុណ្ណោះ លើកលែងតែសិទ្ធិ និងករណីកិច្ចផ្តាច់មុខទាំងស្រុងរបស់មតកជន និងទ្រព្យសម្បត្តិមួយចំនួនដែលក្រមរដ្ឋប្បវេណីបានលើកលែង។
សន្តតិកម្មត្រូវធ្វើឡើងដោយផ្អែកតាមឆន្ទៈរបស់មតកជន ដែលត្រូវបានហៅថា “សន្តតិកម្មមានបណ្តាំ” រឺធ្វើឡើងតាមបញ្ញត្តិច្បាប់ ដែលត្រូវបានហៅថា “សន្តតិកម្មតាមច្បាប់”។
សន្តតិជន
សន្តតិជនមានសន្តតិជនតាមលំដាប់ និងសន្តតិជនជានិច្ច។ សន្តតិជនតាមលំដាប់ត្រូវបានបែងចែកជាបី (៣) គឺ សន្តតិជនលំដាប់ទី១ សន្តតិជនលំដាប់ទី២ និងសន្តតិជនលំដាប់ទី៣។ ចំណែកឯ សន្តតិជនជានិច្ច គឺសហព័ទ្ធរបស់មតកជន ដែលសំដៅលើប្តី រឺប្រពន្ធ របស់មតកជន ដែលបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ មានសំបុត្រអាពាហ៍ពិពាហ៍។ នៅពេលដែលមតកជនទទួលមរណភាព ប៉ុន្តែមតកជនមិនបានបន្សល់ទុកមតកសាសន៍ សន្តតិកម្មតាមច្បាប់នឹងចាប់ផ្តើម ដែលមានអានុភាពនាំឲ្យសន្តតិជនជានិច្ច និងសន្តតិជនមួយក្នុងចំណោមសន្តតិជនទាំងបីលំដាប់ ក្លាយជាសន្តតិជនដែលអាចទទួលបន្តនូវសិទ្ធិ និងករណីកិច្ចរបស់មតកជនដោយស្វ័យប្រវត្តិទៅតាមចំណែកដែលច្បាប់បានកំណត់។
សន្តតិជនលំដាប់ទី១ គឺជាកូនរបស់មតកជន ដែលរាប់បញ្ចូលទាំងកូនបង្កើត និងកូនសុំ ដែលសុទ្ធតែមានសិទ្ធិទទួលបានចំណែកមត៌កស្មើៗគ្នា។ របបនៃសន្តតិជនជំនួសនឹងត្រូវបានយកប្រើប្រាស់ប្រសិនបើកូនរបស់មតកជនបានស្លាប់មុនពេល រឺព្រមគ្នានឹងពេលសន្តតិកម្មចាប់ផ្តើម រឺសន្តតិជនក្លាយជាអភ័ព្វបុគ្គល រឺសន្តតិជនត្រូវបានផ្តាច់មត៌ក។ បើសិនជាមតកជនមិនមានសន្តតិជនលំដាប់ទី១ រឺមិនមានសន្តតិជនជំនួស ទេ សន្តតិជនលំដាប់ទី២ ត្រូវក្លាយជាសន្តតិជន។
សន្តតិជនលំដាប់ទី២ សំដៅលើបុព្វញាតិរបស់មតកជន។ បុព្វញាតិគឺជាញាតិដែលស្ថិតនៅក្នុងថ្នាក់ញាតិខ្ពស់ជាងខ្លួន ដែលមានដូចជា ឪពុក ម្តាយ ជីដូន ជីតា ជាដើម។ ប្រសិនបើមិនមានសន្តតិជនលំដាប់ទី២ទេ សន្តតិជនលំដាប់ទី៣ ត្រូវក្លាយជាសន្តតិជន។ សន្តតិជនលំដាប់ទី៣ គឺជាបងប្អូនបង្កើតរបស់មតកជន។ របបនៃសន្តតិកម្មជំនួសក៏ត្រូវយកមកអនុវត្តក្នុងករណីសន្តតិជនលំដាប់ទី៣ នេះដែរ គ្រាន់តែមានការកម្រិតខុសពីសន្តតិកម្មជំនួសក្នុងសន្តតិជនលំដាប់ទី១បន្តិច។
មតកសាសន៍
នៅពេលខ្លះ មតកជនបានបន្សល់ទុកនូវលិខិតបណ្តាំមុនពេលទទួលមរណភាព ដែលលិខិតបណ្តាំនេះ ត្រូវបានច្បាប់ហៅថា មតកសាសន៍។ មតកសាសន៍ គឺជា “លិខិតបណ្តាំដែលបុគ្គលម្នាក់បានធ្វើឡើងតាមទម្រង់ដែលកំណត់ដោយច្បាប់ដើម្បីសម្តែងឆន្ទៈចុងក្រោយ អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនជាអាទិ៍ បន្ទាប់ពីមរណភាព។” មតកសាសន៍មានអានុភាពនៅពេលដែលមតកជនទទួលមរណភាព លើកលែងតែមានលក្ខខណ្ឌបង្អង់។
បើសិនជាមតកជនបានធ្វើមតកសាសន៍ទុកជាស្រេច សន្តតិកម្មនឹងត្រូវចាប់ផ្តើមតាមសន្តតិកម្មមានបណ្តាំ ដែលសំដៅទៅលើការបែងចែកមត៌ករបស់មតកជនទៅតាមវិធី ឬតាមចំណែកមួយទៅឲ្យសន្តតិជនម្នាក់ រឺច្រើននាក់ដូចមានកំណត់ក្នុងមតកសាសន៍។
មតកសាសន៍ត្រូវធ្វើឡើងតាមទម្រង់ដែលមានចែងក្នុងក្រមរដ្ឋប្បវេណីតែប៉ុណ្ណោះ ដែលត្រូវបានបែងចែកជាបីទម្រង់ធំៗគឺ មតកសាសន៍ដោយលិខិតយថាភូត មតកសាសន៍ដោយលិខិតឯកជន និងមតកសាសន៍ដោយលិខិតសម្ងាត់។ ក្រៅពីទម្រង់ទាំងបីនេះ ក៏នៅមានមតកសាសន៍ដែលអាចតាមទម្រង់ផ្សេងៗដែលមានចែងក្នុងក្រមរដ្ឋប្បវេណី សម្រាប់ស្ថានភាពពិសេសៗនីមួយៗរបស់មតកជនផងដែរ។
ការផ្តាច់មត៌ក
ជាគោលការណ៍ទូទៅនៃច្បាប់ សន្តតិជនត្រូវមានសិទ្ធិទទួលបាននូវចំណែកមត៌កមិនថាតិច ឬច្រើន មិនថាសន្តតិកម្មតាមច្បាប់ ឬសន្តតិកម្មមានបណ្តាំឡើយ លើកលែងតែមានស្ថានភាពមួយចំនួនដែលកំណត់ដោយក្រមរដ្ឋប្បវេណី ដែលនាំឲ្យសន្តតិជននោះលែងមានសិទ្ធិទទួលបាននូវចំណែកមត៌កពីមតកជន។
ការផ្តាច់មត៌ក គឺជាមូលដ្ឋានមួយដែលធ្វើជនដែលត្រូវបានសន្មតថាជាសន្តតិជនមិនអាចទទួលសន្តតិកម្មបាន។ ការផ្តាច់មត៌កគឺជាឆន្ទៈ និងជាសិទ្ធិផ្តាច់មុខរបស់មតកជន បើជនដែលត្រូវបានសន្មតថាជាសន្តតិជនដែលមានភាគបម្រុង បានប្រព្រឹត្តនូវសកម្មភាពដែលបានកំណត់ខាងក្រោម៖
ក. ធ្វើបាបចំពោះមតកជន
ខ. ប្រមាថមតកជនយ៉ាងធ្ងន់ធ្ងរ
គ. បើអាចមកមើលថែទាំមតកជននៅពេលដែលមានជំងឺ ប៉ុន្តែមិនបានមកមើលថែទាំមតកជន
ឃ. បើត្រូវបានទទួលសាលក្រម ឬសាកដីកាផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិត
ង. បើបានប្រព្រឹត្តអំពើល្មើសធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ ជាអាទិ៍។
ប៉ុន្តែទោះបីជាមានមូលហេតុយ៉ាងនេះក្តី ការផ្តាច់មត៌កត្រូវតែធ្វើទៅតាមនីតិវិធីតុលាការ ដែលតុលាការត្រូវចេញសេចក្តីសម្រេចក្រោមទម្រង់ជាដីកាសម្រេចផ្តាច់មត៌ក។
ដើម្បីផ្តាច់មត៌កពីជនដែលត្រូវសន្មតជាសន្តតិជន មតកជនមានជម្រើសតាមផ្លូវច្បាប់ ២យ៉ាង៖
១. មតកជនអាចដាក់ពាក្យសុំផ្តាច់មត៌កទៅតុលាការ ដើម្បីឲ្យតុលាការចេញដីកាសម្រេចផ្តាច់មត៌កពីជនដែលត្រូវសន្មតជាសន្តិជននោះ ។ ឬ
២. មតកជន ធ្វើមតកសាសន៍ដែលមានខ្លឹមសារកំណត់អំពីការផ្តាច់មត៌ករបស់ជនដែលត្រូវសន្មតជាសន្តិជនណាមួយ។ ហើយពេលដែលមតកជនទទួលមរណភាព អ្នកប្រតិបត្តិមតកសាសន៍ ត្រូវដាក់ពាក្យសុំទៅតុលាការឲ្យផ្តាច់មត៌កពីសន្តតិជន ក្រោយពេលដែលមតកសាសន៍បង្កើតអានុភាពភ្លាមៗ។ ការផ្តាច់មត៌កនឹងមានអានុភាពនៅពេលដីកាសម្រេចផ្តាច់មត៌កបានចូលជាស្ថាពរ។
ទោះបីជាមានដីកាសម្រេចផ្តាច់មត៌កដែលបានចូលជាស្ថាពរហើយក៏ដោយ មតកជនក៏អាចដាក់ពាក្យសុំទៅតុលាការឲ្យ លុបចោលដីកាសម្រេចផ្តាច់មត៌កបាន ឬមតកជនអាចកំណត់ពីការលុបចោលការផ្តាច់មត៌កនៅក្នុងមតកសាសន៍ក៏បាន។
អនុលោមតាមមាត្រា៨៤ នៃច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដែលបានប្រកាសឲ្យប្រើនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងរយៈពេល១៥ថ្ងៃ ក្រោយពេលដីកាសម្រេចផ្តាច់មត៌កបានចូលជាស្ថាពរ ឬដីកាសម្រេចលុបចោលដីកាសម្រេចផ្តាច់មត៌កបានចូលជាស្ថាពរ អ្នកដាក់ពាក្យសុំដីកាសម្រេចខាងលើ ត្រូវរាយការណ៍ទៅមន្រ្តីអត្រានុកូលដ្ឋាននៃឃុំ សង្កាត់នៃលំនៅឋានរបស់អ្នកដាក់ពាក្យសុំ ដោយភ្ជាប់នឹងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសេចក្តីសម្រេចរបស់តុលាការនោះ និងសេចក្តីបញ្ជាក់អំពីថ្ងៃដែលសេចក្តីសម្រេចរបស់តុលាការបានចូលជាស្ថាពរ ។ ការរាយការណ៍នេះ នឹងនាំឲ្យមន្រ្តីអត្រានុកូលដ្ឋានដែលមានសមត្ថកិច្ចចុះនិទ្ទេសនៅក្នុងបញ្ជីកំណើតរស់របស់មតកជន។
បញ្ជាក់៖ អត្ថបទច្បាប់ខ្លីៗស្តីពីច្បាប់នេះគ្រាន់តែជាពត៌មានទូទៅមួយចំនួនអំពីប្រធានបទតែប៉ុណ្ណោះ មិនមានគោលបំណងបង្កើតជាការប្រឹក្សាយោបល់ផ្នែកច្បាប់នោះទទេ។