សន្តតិកម្ម

សន្តតិកម្ម គឺជាពាក្យច្បាប់មួយដែលមានន័យសាមញ្ញថាជាការផ្ទេរសិទ្ធិ និងករណីកិច្ចរបស់អ្នកស្លាប់ទៅឲ្យជនម្នាក់ រឺច្រើននាក់តាមឆន្ទៈរបស់អ្នកស្លាប់ រឺតាមការកំណត់របស់ច្បាប់។ ក្នុងពាក្យច្បាប់ អ្នកដែលស្លាប់ទៅ ត្រូវបានហៅថា “មតកជន” ចំណែកឯជនម្នាក់ រឺច្រើននាក់ដែលទទួលបន្តនូវសិទ្ធិ និងករណីកិច្ចរបស់អ្នកស្លាប់តាមរយៈសន្តតិកម្ម ត្រូវបានហៅថា “សន្តតិជន”។

សន្តតិកម្មត្រូវបានប្រជាពលរដ្ឋទូទៅស្គាល់ក្នុងន័យសាមញ្ញថាជាការស្នងមតក ហើយសន្តតិជនត្រូវបានហៅជាសាមញ្ញថា “ទាយាទ ឬអ្នកស្នងមត៌ក”។ សន្តតិកម្មគឺជារបបនៃការស្នងមតកដែលមានចែងក្នុងក្រមរដ្ឋប្បវេណី។ ដោយសារតែសន្តតិកម្មគឺជាការផ្ទេរសិទ្ធិ និងករណីកិច្ចរបស់អ្នកស្លាប់ឲ្យសន្តតិជនដែលនៅរស់ សន្តតិកម្មអាចចាប់ផ្តើមបានលុះត្រាតែមានមរណភាពរបស់មតកជនតែប៉ុណ្ណោះ។ សិទ្ធ (ដូចជា កម្មសិទ្ធិ សិទ្ធិជួល សិទ្ធិលើការបញ្ចាំ សិទ្ធិកាន់កាប់ ជាដើម) និងករណីកិច្ច (ដូចជា ប្រាក់កម្ចី បំណុល កាតព្វកិច្ចផ្សេងៗ ជាដើម) ដែលសន្តតិជនអាចទទួលបន្តបានគឺមានតែសិទ្ធិ និងករណីកិច្ចទាំងអស់ដែលស្ថិតនៅក្រោមទ្រព្យសម្បត្តិរបស់មតកជនតែប៉ុណ្ណោះ លើកលែងតែសិទ្ធិ និងករណីកិច្ចផ្តាច់មុខទាំងស្រុងរបស់មតកជន និងទ្រព្យសម្បត្តិមួយចំនួនដែលក្រមរដ្ឋប្បវេណីបានលើកលែង

សន្តតិកម្មត្រូវធ្វើឡើងដោយផ្អែកតាមឆន្ទៈរបស់មតកជន ដែលត្រូវបានហៅថា “សន្តតិកម្មមានបណ្តាំ” រឺធ្វើឡើងតាមបញ្ញត្តិច្បាប់ ដែលត្រូវបានហៅថា “សន្តតិកម្មតាមច្បាប់”។

សន្តតិជន

សន្តតិជនមានសន្តតិជនតាមលំដាប់ និងសន្តតិជនជានិច្ច។ សន្តតិជនតាមលំដាប់ត្រូវបានបែងចែកជាបី (៣) គឺ សន្តតិជនលំដាប់ទី១ សន្តតិជនលំដាប់ទី២ និងសន្តតិជនលំដាប់ទី៣។ ចំណែកឯ សន្តតិជនជានិច្ច គឺសហព័ទ្ធរបស់មតកជន ដែលសំដៅលើប្តី រឺប្រពន្ធ របស់មតកជន ដែលបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ មានសំបុត្រអាពាហ៍ពិពាហ៍។ នៅពេលដែលមតកជនទទួលមរណភាព ប៉ុន្តែមតកជនមិនបានបន្សល់ទុកមតកសាសន៍ សន្តតិកម្មតាមច្បាប់នឹងចាប់ផ្តើម ដែលមានអានុភាពនាំឲ្យសន្តតិជនជានិច្ច និងសន្តតិជនមួយក្នុងចំណោមសន្តតិជនទាំងបីលំដាប់ ក្លាយជាសន្តតិជនដែលអាចទទួលបន្តនូវសិទ្ធិ និងករណីកិច្ចរបស់មតកជនដោយស្វ័យប្រវត្តិទៅតាមចំណែកដែលច្បាប់បានកំណត់

សន្តតិជនលំដាប់ទី១ គឺជាកូនរបស់មតកជន ដែលរាប់បញ្ចូលទាំងកូនបង្កើត និងកូនសុំ ដែលសុទ្ធតែមានសិទ្ធិទទួលបានចំណែកមត៌កស្មើគ្នា។ របបនៃសន្តតិជនជំនួសនឹងត្រូវបានយកប្រើប្រាស់ប្រសិនបើកូនរបស់មតកជនបានស្លាប់មុនពេល រឺព្រមគ្នានឹងពេលសន្តតិកម្មចាប់ផ្តើម រឺសន្តតិជនក្លាយជាអភ័ព្វបុគ្គល រឺសន្តតិជនត្រូវបានផ្តាច់មត៌កបើសិនជាមតកជនមិនមានសន្តតិជនលំដាប់ទី១ រឺមិនមានសន្តតិជនជំនួស ទេ សន្តតិជនលំដាប់ទី២ ត្រូវក្លាយជាសន្តតិជន

សន្តតិជនលំដាប់ទី២ សំដៅលើបុព្វញាតិរបស់មតកជន។ បុព្វញាតិគឺជាញាតិដែលស្ថិតនៅក្នុងថ្នាក់ញាតិខ្ពស់ជាងខ្លួន ដែលមានដូចជា ឪពុក ម្តាយ ជីដូន ជីតា ជាដើម។ ប្រសិនបើមិនមានសន្តតិជនលំដាប់ទី២ទេ សន្តតិជនលំដាប់ទី៣ ត្រូវក្លាយជាសន្តតិជនសន្តតិជនលំដាប់ទី៣ គឺជាបងប្អូនបង្កើតរបស់មតកជន។ របបនៃសន្តតិកម្មជំនួសក៏ត្រូវយកមកអនុវត្តក្នុងករណីសន្តតិជនលំដាប់ទី៣ នេះដែរ គ្រាន់តែមានការកម្រិតខុសពីសន្តតិកម្មជំនួសក្នុងសន្តតិជនលំដាប់ទី១បន្តិច។

មតកសាសន៍

នៅពេលខ្លះ មតកជនបានបន្សល់ទុកនូវលិខិតបណ្តាំមុនពេលទទួលមរណភាព ដែលលិខិតបណ្តាំនេះ ត្រូវបានច្បាប់ថា មតកសាសន៍។ មតកសាសន៍ គឺជា “លិខិតបណ្តាំដែលបុគ្គលម្នាក់បានធ្វើឡើងតាមទម្រង់ដែលកំណត់ដោយច្បាប់ដើម្បីសម្តែងឆន្ទៈចុងក្រោយ អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនជាអាទិ៍ បន្ទាប់ពីមរណភាព។” មតកសាសន៍មានអានុភាពនៅពេលដែលមតកជនទទួលមរណភាព លើកលែងតែមានលក្ខខណ្ឌបង្អង់

បើសិនជាមតកជនបានធ្វើមតកសាសន៍ទុកជាស្រេច សន្តតិកម្មនឹងត្រូវចាប់ផ្តើមតាមសន្តតិកម្មមានបណ្តាំ ដែលសំដៅទៅលើការបែងចែកមត៌ករបស់មតកជនទៅតាមវិធី ឬតាមចំណែកមួយទៅឲ្យសន្តតិជនម្នាក់ រឺច្រើននាក់ដូចមានកំណត់ក្នុងមតកសាសន៍

មតកសាសន៍ត្រូវធ្វើឡើងតាមទម្រង់ដែលមានចែងក្នុងក្រមរដ្ឋប្បវេណីតែប៉ុណ្ណោះ ដែលត្រូវបានបែងចែកជាបីទម្រង់ធំៗគឺ មតកសាសន៍ដោយលិខិតយថាភូត មតកសាសន៍ដោយលិខិតឯកជន និងមតកសាសន៍ដោយលិខិតសម្ងាត់។ ក្រៅពីទម្រង់ទាំងបីនេះ ក៏នៅមានមតកសាសន៍ដែលអាចតាមទម្រង់ផ្សេងៗដែលមានចែងក្នុងក្រមរដ្ឋប្បវេណី សម្រាប់ស្ថានភាពពិសេសៗនីមួយៗរបស់មតកជនផងដែរ។

ការផ្តាច់មត៌ក

ជាគោលការណ៍ទូទៅនៃច្បាប់ សន្តតិជនត្រូវមានសិទ្ធិទទួលបាននូវចំណែកមត៌កមិនថាតិច ឬច្រើន មិន​ថាសន្តតិកម្មតាមច្បាប់ ឬសន្តតិកម្មមានបណ្តាំឡើយ លើក​លែងតែមានស្ថានភាពមួយចំនួនដែលកំណត់ដោយក្រមរដ្ឋប្បវេណី ដែលនាំឲ្យសន្តតិជន​នោះលែងមានសិទ្ធិ​ទទួលបាននូវចំណែកមត៌កពីមតកជន។

ការផ្តាច់មត៌ក គឺជាមូលដ្ឋានមួយដែលធ្វើជនដែលត្រូវបានសន្មតថាជាសន្តតិជនមិនអាចទទួលសន្តតិកម្មបាន។ ការផ្តាច់មត៌កគឺជាឆន្ទៈ និងជាសិទ្ធិផ្តាច់មុខរបស់មតកជន បើជនដែលត្រូវបានសន្មតថាជាសន្តតិជន​ដែលមានភាគបម្រុង បានប្រព្រឹត្តនូវសកម្មភាពដែលបានកំណត់ខាងក្រោម៖

ក. ធ្វើបាបចំពោះមតកជន

ខ. ប្រមាថមតកជនយ៉ាងធ្ងន់ធ្ងរ

គ. បើអាចមកមើលថែទាំមតកជននៅពេលដែលមានជំងឺ ប៉ុន្តែមិនបានមកមើលថែទាំមតកជន

ឃ. បើត្រូវបានទទួលសាលក្រម ឬសាកដីកាផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិត

ង. បើបានប្រព្រឹត្តអំពើល្មើសធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ ជាអាទិ៍។

ប៉ុន្តែទោះបីជា​មាន​មូលហេតុយ៉ាងនេះក្តី ការផ្តាច់មត៌កត្រូវតែធ្វើទៅតាមនីតិវិធីតុលាការ ដែលតុលាការត្រូវចេញសេចក្តីសម្រេច​ក្រោ​ទម្រង់ជា​ដីកាសម្រេចផ្តាច់មត៌ក។  

ដើម្បីផ្តាច់មត៌កពីជនដែលត្រូវសន្មតជាសន្តតិជន មតកជនមានជម្រើសតាមផ្លូវច្បាប់ ២យ៉ាង៖

១. មតកជន​អាចដាក់​ពាក្យសុំ​ផ្តាច់មត៌កទៅតុលាការ ដើម្បីឲ្យតុលាការចេញដីកាសម្រេចផ្តាច់មត៌កពីជនដែលត្រូវសន្មតជាសន្តិជននោះ ។ ឬ

. មតកជន ធ្វើមតកសាសន៍ដែលមានខ្លឹមសារកំណត់អំពីការផ្តាច់មត៌ករបស់ជនដែលត្រូវសន្មតជាសន្តិជនណាមួយ។ ហើយពេលដែលមតជនទទួលមរណភាព អ្នកប្រតិបត្តិមតកសាសន៍​ ត្រូវដាក់ពាក្យសុំទៅតុលាការឲ្យផ្តាច់មត៌កពីសន្តតិជន ក្រោយពេលដែលមតកសាសន៍បង្កើតអានុភាពភ្លាមៗការផ្តាច់មត៌កនឹងមានអនុភាពនៅពេលដីកាសម្រេចផ្តាច់មត៌កបាន​ចូលជាស្ថាពរ។

ទោះបីជាមានដីកាសម្រេចផ្តាច់មត៌កដែលបាន​ចូលជាស្ថាពរហើយក៏ដោយ មតកជនក៏អាចដាក់ពាក្យសុំទៅតុលាការឲ្យ លុបចោលដីកាសម្រេចផ្តាច់មត៌កបាន ឬមតកជនអាចកំណត់ពីការលុបចោលការផ្តាច់មត៌កនៅក្នុងមតកសាសន៍ក៏បាន

អនុលោមតាម​មាត្រា​៨៤ នៃច្បាប់ស្តីពីអត្រានុកូលដ្ឋាន  ស្ថិតិ​អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដែលបានប្រកាសឲ្យប្រើនាថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ២០២៣ ក្នុងរយៈពេល១៥ថ្ងៃ ក្រោយពេលដីកាសម្រេចផ្តាច់មត៌កបាន​ចូលជាស្ថាពរ ឬដីកាសម្រេចលុបចោល​ដីកាសម្រេចផ្តាច់មត៌កបានចូលជាស្ថាពរ អ្នកដាក់ពាក្យសុំដីកាសម្រេចខាងលើ ត្រូវរាយការណ៍ទៅមន្រ្តីអត្រានុកូលដ្ឋាននៃឃុំ សង្កាត់នៃលំនៅឋានរបស់អ្នកដាក់ពាក្យសុំ ដោយភ្ជាប់​នឹងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសេចក្តីសម្រេចរបស់តុលាការនោះ និងសេចក្តីបញ្ជាក់អំពីថ្ងៃដែលសេចក្តី​សម្រេចរបស់តុលាការបានចូលជាស្ថាពរ ។ ការរាយការណ៍នេះ នឹងនាំឲ្យមន្រ្តីអត្រានុកូលដ្ឋានដែលមានសមត្ថកិច្ចចុះនិទ្ទេស​នៅ​ក្នុងបញ្ជីកំណើតរស់របស់មតកជន។  

បញ្ជាក់៖ អត្ថបទច្បាប់ខ្លីស្តីពីច្បាប់នេះគ្រាន់តែជាពត៌មានទូទៅមួយចំនួនអំពីប្រធានបទតែប៉ុណ្ណោះ មិនមានគោលបំណងបង្កើតជាការប្រឹក្សាយោបល់ផ្នែកច្បាប់នោះទទេ។