អត្ថបទច្បាប់ខ្លីៗ

ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧២៣/០០៩ (តទៅហៅថា “ច្បាប់ស្តីពីអត្រានុកូលដ្ឋាន”)។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះជនគ្រប់រូបដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេស។ 

មិនខុសពីចំណងជើងនៃច្បាប់ ច្បាប់ស្តីពីអត្រានុកូលដ្ឋាននេះកំណត់ជាថ្មីម្តងទៀតឲ្យកាន់តែមានភាពច្បាស់លាស់ ប្រមូលផ្តុំ ក៏ដូចជាបង្កើតនូវវិធានសម្រាប់គ្រប់គ្រងការចុះបញ្ជីអត្រានុកូលដ្ឋានដែលរួមមាន ការចុះបញ្ជីកំណើតរស់ ការចុះបញ្ជីអាពាហ៍ពិពាហ៍ និងការចុះបញ្ជីមរណភាព។ នៅក្រោមច្បាប់ស្តីអត្រានុកូលដ្ឋាននេះ បញ្ជីអត្រានុកូលដ្ឋានអាចត្រូវរក្សាទុកក្នុងទម្រង់ជាក្រដាស និង/ឬទម្រង់អេឡិចត្រូនិក រីឯសំបុត្រអត្រានុកូលដ្ឋានក៏សំដៅដល់ឯកសារក្នុងទម្រង់ជាក្រដាស រឺអេឡិចត្រូនិកផងដែរ ដែលនេះខុសប្លែកពីសំបុត្រអត្រានុកូលដ្ឋានដូចជាសំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍កន្លងមកដែលធ្លាប់មានតែជាទម្រង់ក្រដាស។

បន្ថែមពីនេះ ច្បាប់ស្តីពីអាត្រានុកូលដ្ឋានក៏បានបង្កើតនីតិវិធីក្នុងការចុះបញ្ជីព្រឹត្តិការណ៍ជីវិតផ្សេងៗដូចជាការលែងលះ ការទទួលស្គាល់​កូន ការបដិសេធបិតុភាព ការបញ្ជាក់អំពីនត្ថិភាពនៃបុត្តភាព ការបញ្ជាក់អំពីអត្ថិភាព​នៃមាតុភាព ការស្មុំកូន ការកាត់កាល់កូនស្មុំ ការចុះបញ្ជីមរណភាពឲ្យបុគ្គលដែលចាត់ទុកថាបានទទួលមរណភាពតាមការប្រកាសរបស់តុលាការអំពីការបាត់ខ្លួន ការចុះបញ្ជីផ្តាច់មត៌ក ជាដើម​ ក្រោយពេលដែលសេចក្តីសម្រេចរបស់តុលាការលើព្រឹតិ្តការណ៍ទាំងនោះបានចូលជាស្ថាពរ។ នេះគឺជាការជួយសម្រួល និងលើកកម្ពស់ការអនុវត្តបទដ្ឋានគតិយុត្តផ្សេងៗ ជាពិសេសក្រមរដ្ឋប្បវេណីដែលតម្រូវឲ្យមានការចុះបញ្ជីព្រឹត្តិការណ៍ជិវិតខាងលើឲ្យកាន់តែមានប្រសិទ្ធភាពមួយកម្រិតទៀត។

ច្បាប់នេះបានផ្តល់សិទ្ធិឲ្យបុគ្គលមួយចំនួនផ្សេងៗគ្នាអាចស្នើសុំសេចក្តីចម្លងសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ជំនួសសាមីខ្លួនបាន ដូចជា ញាតិលោហិតផ្ទាល់ ញាតិនៃមរណជន អ្នកតំណាង​ដែលច្បាប់បានកំណត់ ឬអ្នកតំណាងដោយអាណត្តិ ឬបុគ្គលផ្សេងទៀតដែលមានផលប្រយោជន៍ស្របច្បាប់ដែលកំណត់​ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ការចុះបញ្ជីកំណើតរស់

ក្នុងរយៈពេល៣០ (សាមសិប)ថ្ងៃបន្ទាប់ពីទារកចាប់កំណើត អ្នករាយការណ៍ត្រូវដាក់ពាក្យសុំចុះបញ្ជីកំណើតរស់ ដោយផផ្ទាល់មាត់ ឬតាមទម្រង់អេឡិចត្រូនិក។ បុគ្គលដែលទទួលខុសត្រូវលើការរាយការណ៍នេះត្រូវបានកំណត់តាមលំដាប់អាទិភាពដូចជា ម្តាយរបស់ទារក ឪពុករបស់ទារក អ្នកអាណាព្យបាលទូទៅរបស់ឪពុកម្តាយទារក ញាតិជានីតិជនដែលមើលថែទារក និងរដ្ឋមន្ត្រីក្រសួង ឬប្រធានស្ថាប័ន ឬអ្នកតំណាងឬបុគ្គលផ្សេងទៀត ដែលកំណត់ដោយច្បាប់នេះ ឬច្បាប់ផ្សេងទៀត។ ក្នុងករណីដែលស្ត្រីដែលសម្រាលទារកជាជនជាប់ឃុំក្នុងពន្ធនាគារ ឬមណ្ឌលយុវនីតិសម្បទា ប្រធានពន្ធនាគារ ឬប្រធានមណ្ឌលយុវនីតិសម្បទា ត្រូវជាអ្នករាយការណ៍ដើម្បីធានាថាទារកនោះអាចទទួលបានការចុះបញ្ជីកំណើតរស់។

ទារកដែលកើតក្នុងប្រទេសកម្ពុជានឹងទទួលបានលេខកូដសម្គាល់អត្តសញ្ញាណបុគ្គល បន្ទាប់ពីការចុះបញ្ជីកំណើត។ ប្រជាពលរដ្ឋខ្មែរដែលកើតនៅក្រៅប្រទេស ហើយបានស្នើសុំចុះបញ្ជីសំបុត្រកំណើតរស់ ក៏ត្រូវបានផ្តល់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គលដែរ។ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលបានកើតមុនកាលបរិច្ឆេទអនុវត្តនៃច្បាប់នេះ អាចទទួលបានលេខកូដសម្គាល់អត្តសញ្ញាណបុគ្គលដោយការស្នើសុំចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ បុគ្គលដែលទទួលបានលេខកូដសម្គាល់អត្តសញ្ញាណបុគ្គលនេះអាចប្រើលេខកូដបានជាអចិន្ត្រៃយ៍ រហូតដល់ពេលទទួលមរណភាព។

ប្រសិនបើមានការរកឃើញទារកនៅរស់ដែលត្រូវបានគេបោះបង់ អ្នកដែលរើសបានត្រូវជូនដំណឹងទៅមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ នៃឃុំសង្កាត់ដែលទារកត្រូវបានរើសបានដោយគ្មានការយឺតយ៉ាវ។ ក្នុងករណីនេះ មន្ត្រីអត្រានុកូលដ្ឋានត្រូវកត់ត្រាពត៌មាន និងចុះបញ្ជីកំណើតរស់របស់ទារកនោះ ហើយត្រូវកំណត់ឈ្មោះរបស់ទារក។ បន្ទាប់ពីការចុះបញ្ជីសំបុត្រកំណើត មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ត្រូវបញ្ជូនទារកទៅមជ្ឈមណ្ឌលសាធារណៈសម្រាប់សុខុមាលភាពកុមារដោយភ្ជាប់ជាមួយនឹងសំបុត្រកំណើតដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ សម្រាប់ទារកដែលត្រូវបានរើសបានក្នុងប្រទេសកម្ពុជានឹងត្រូវបានសន្មតថាមានសញ្ជាតិខ្មែរពីកំណើត។

ការចុះបញ្ជីអាពាហ៍ពិពាហ៍

ច្បាប់ស្តីពីអត្រានុកូលដ្ឋាននេះបានធ្វើកែប្រែទីទីកន្លែងដែលមានសមត្ថកិច្ចក្នុងការទទួលពាក្យសុំរៀបអាពាហ៍ពិពាហ៍ ដែលពីមុនបុរស និងនារីដែលមានបំណងរៀបអាពាហ៍ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្ត្រីអត្រានុកូលដ្ឋាននៃឃុំ សង្កាត់នៃលំនៅឋានខាងនារី ប៉ុន្តែច្បាប់នេះអនុញ្ញាតឲ្យដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្ត្រីអត្រានុកូលដ្ឋាននៃឃុំ សង្កាត់ដែលបុរស រឺក៏នារីរស់នៅ។

សម្រាប់ការរៀបអាពាហ៍ពិពាហ៍រវាងប្រជាពលរដ្ឋខ្មែរ ជាមួយប្រជាពលរដ្ឋខ្មែរដូចគ្នា រឺរវាងប្រជា​ពលរដ្ឋខ្មែរជាមួយ ជនបរទេសដែលរស់​នៅស្របច្បាប់នៅបរទេស អាចស្នើសុំនៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋានប្រចាំស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជាដែលមានសមត្ថកិច្ចនៅប្រទេស​ដែលសាមីជនរស់នៅ ប៉ុន្តែចំពោះនីតិវិធីនៃការជូនដំណឹងជាសាធារណៈអំពីការរៀបអាពាហ៍ពិពាហ៍​ត្រូវធ្វើឡើងនៅតែស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជាដែលមានសមត្ថកិច្ចនៅប្រទេសដែលសាមីជននោះរស់​នៅតែប៉ុណ្ណោះ។

ចំពោះប្រជាពលរដ្ឋខ្មែរដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយប្រជាពលរដ្ឋខ្មែរ ឬបានរៀបអាពាហ៍ពិពាហ៍​ជាមួយជនបរទេសនៅបរទេស ស្របតាមទម្រង់ដែលកំណត់ក្នុងច្បាប់របស់ប្រទេសនោះ ហើយមានបំណងចុះបញ្ជីអាពាហ៍ពិពាហ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺត្រូវបានអនុញ្ញាតឲ្យចុះបញ្ជីទទួលស្គាល់ក្នុងប្រទេសកម្ពុជា ប្រសិនបើអាពាហ៍ពិពាហ៍នោះមិនផ្ទុយពីច្បាប់កម្ពុជា។ ការចុះបញ្ជីនេះអាចត្រូវបាន​ធ្វើឡើងនៅស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជាដែលមានសមត្ថកិច្ចនៅប្រទេសដែលអាពាហ៍ពិពាហ៍បានធ្វើឡើង ឬក៏អាច​មក​ចុះបញ្ជីនៅឃុំ សង្កាត់​ដែលមានសមត្ថកិច្ចនៅលំនៅដ្ឋានរបស់ប្តីប្រពន្ធនោះ ដោយត្រូវធ្វើការបង្ហាញ​សំបុត្រអាពាហ៍ពិពាហ៍ពីប្រទេសនោះ និងព័ត៌មានចាំបាច់ផ្សេងទៀតតាមការកំណត់។

សម្រាប់ជនបរទេសដែលចូល ឬស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាស្របច្បាប់ អាចស្នើសុំរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសដូចគ្នាដែលចូល ឬស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់ ដោយអនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ការលែងលះ

ច្បាប់ស្តីពីអត្រានុកូលដ្ឋាននេះបានកំណត់នូវនីតិវិធីចុះបញ្ជីការការលែងលះថា ក្នុងអំឡុងពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃដែលមានសេចក្តីសម្រេចរបស់តុលាការអំពីការលែងលះ មោឃភាព ឬការលុបចោលអាពាហ៍ពិពាហ៍ចូលជាស្ថាពរ អ្នកដាក់ពាក្យសុំត្រូវរាយការណ៍ទៅមន្រ្តីអត្រានុកូលដ្ឋានឃុំ សង្កាត់​ដែលខ្លួនរស់នៅដោយភ្ជាប់ជាមួយនូវឯកសារចម្លងដែលមានសេចក្តីបញ្ជាក់​នៃសេចក្តីសម្រេចរបស់តុលាការ​ និងសេចក្តីបញ្ជាក់​អំពីថ្ងៃដែលសេចក្តីសម្រេចរបស់តុលាការនោះបានចូលជាស្ថាពរ​។

លេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងរាជធានី ខេត្ត មានកាតព្វកិច្ចជូនដំណឹងអំពីសេចក្តីសម្រេចលើការលែងលះ មោឃភាព និងការលុបចោលអាពាហ៍ពិពាហ៍ដែលបានចូលជាស្ថាពរនៅសាលាដំបូងរាជធានី ខេត្ត ទៅមន្ត្រីអត្រានុកូលដ្ឋានថ្នាក់រាជធានី ខេត្តនៃសាលាដំបូងនោះ។ អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ ឬអគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការកំពូល ក៏ត្រូវជូនដំណឹងអំពីសេចក្តីសម្រេចនោះទៅមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ប្រសិនបើសេចក្តីសម្រេចបានចូលជាស្ថាពរនៅសាលាឧទ្ធរណ៍ ឬតុលាការកំពូល។ មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ គឺសំដៅលើអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ។

មន្រ្តីអត្រានុកូលដ្ឋានតាមសមត្ថកិច្ចនីមួយៗដូចខាងលើត្រូវធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ពត៌មានទៅនឹងបញ្ជីអាពាហ៍ ពិពាហ៍របស់សាមីជនទាំងពីរនាក់ ហើយមានកាតព្វកិច្ចចុះនិទ្ទេសស្តីពីការលែងលះ មោឃភាព រឺការលុបចោលអាពាហ៍ ពិពាហ៍នៅក្នុងបញ្ជីអាពាហ៍ពិពាហ៍នោះ បន្ទាប់ពីទទួលបានការរាយការណ៍អំពីសេចក្តីសម្រេចតាមកថាខណ្ឌខាងលើ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺច្បាប់ស្តីពីអត្រានុកូលដ្ឋានបានចែងយ៉ាងច្បាស់លាស់ពីអានុភាពនៃសេចក្តីសម្រេចនៃការលែងលះនៅក្រៅប្រទេស ដែលមាត្រា ៨០ នៃច្បាប់នេះបានចែងថាការលែងលះនៅក្រៅប្រទេសស្របតាមច្បាប់នៃប្រទេសនោះដោយប្តីប្រពន្ធដែលបានរៀបអាពាហ៍ពិពាហ៍តាមច្បាប់កម្ពុជា ត្រូវបានទទួលស្គាល់យកជាការបានក្នុងប្រទេសកម្ពុជា។ ការលែងលះនេះនឹងត្រូវទទួលស្គាល់យកជាការបាននៅក្នុងប្រទេសកម្ពុជា ដោយបុគ្គលដែលបានលែងលះនោះត្រូវដាក់សេចក្តីសម្រេចលែងលះ ឬលិខិតបញ្ជាក់អះអាងពីការលែងលះដែលចេញដោយស្ថាប័នមានសមត្ថកិច្ចនៅក្រៅប្រទេសឲ្យទៅមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ចដើម្បីចុះនិទ្ទេសពីការលែងលះនេះនៅក្នុងបញ្ជីអាពាហ៍ពិពាហ៍នោះ។

កាលបរិច្ឆេទនៃការអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន

ច្បាប់ស្តីពីអត្រានុកូលដ្ឋាននេះមិនមានអានុភាពអនុវត្តភ្លាមៗក្រោមពេលច្បាប់ចូលជាធរមាននោះទេ។ កាលបរិច្ឆេទនៃការអនុវត្តច្បាប់នេះត្រូវបានបែងចែកជាកាលបរិច្ឆេទអនុវត្តជាទូទៅ និងការអនុវត្តដោយផ្នែកៗដោយផ្អែកលើប្រភេទនៃបទប្បញ្ញត្តិដែលមាននៅក្នុងច្បាប់នេះ។

ក្រោយកាលបរិច្ឆេទអនុវត្តជាទូទៅ ចំពោះបទប្បញ្ញត្តិដូចខាងក្រោមដែលពាក់ព័ន្ធនឹងអាជ្ញាធរជាតិគ្រប់គ្រងអត្តសញ្ញាណប្រជាជន មជ្ឈមណ្ឌលជាតិគ្រប់គ្រងអត្តសញ្ញាណប្រជាជននិងប្រព័ន្ធរួមអត្តសញ្ញាណប្រជាជនដូចជាបទប្បញ្ញត្តិក្នុងមាត្រា២៦ស្តីពីការផ្តល់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល មាត្រា៥៨ស្តីពីការបិទអត្តសញ្ញាណខាងផ្លូវច្បាប់របស់មរណជន ជាដើម នឹងត្រូវអនុវត្តចាប់ពីកាលបរិច្ឆេទដែលកំណត់ក្នុងអនុក្រឹត្យ ក្រោយពីបានបង្កើត និងដាក់ឲ្យដំណើរការអាជ្ញាធរជាតិគ្រប់គ្រងអត្តសញ្ញាណប្រជាជន មជ្ឈមណ្ឌលជាតិគ្រប់គ្រងអត្តសញ្ញាណប្រជាជននិងប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន។

ក្រោយកាលបរិច្ឆេទអនុវត្តជាទូទៅ ចំពោះបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងការជូនដំណឹងដោយវិស័យសុខាភិបាល និងការបញ្ជាក់អំពីមូលហេតុនៃមរណភាព ដូចជាបទប្បញ្ញត្តិក្នុងកថាខណ្ឌទី៣ មាត្រា២១ស្តីពីការជូនដំណឹងអំពីកំណើតរស់ដែលកើតនៅក្នុងមូលដ្ឋានសុខាភិបាល មាត្រា៤៨ ស្តីពីលិខិតបញ្ជាក់វេជ្ជសាស្រ្តអំពីមូលហេតុនៃមរណភាព ក្នុងករណីមរណភាពប្រក្រតី ជាដើម នឹងត្រូវអនុវត្តចាប់ពីកាលបរិច្ឆេទដែលកំណត់ដោយអនុក្រឹត្យ។

ក្រោយកាលបរិច្ឆេទអនុវត្តជាទូទៅ ចំពោះបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងការជូនដំណឹងដោយតុលាការដូចជាបទប្បញ្ញត្តិក្នុងមាត្រា៧៩ ស្តីពីនីតិវិធីចុះបញ្ជីអំពីការលែងលះ មោឃភាព និងការលុបចោលអាពាហ៍ពិពាហ៍ ជាដើម ត្រូវអនុវត្តចាប់ពីកាលបរិច្ឆេទដែលកំណត់ដោយអនុក្រឹត្យ។

ក្រៅពីបទប្បញ្ញតិ្តក្នុងផ្នែកនីមួយៗដែលមានរៀបរាប់ក្នុងកថាខណ្ឌខាងលើ បទប្បបញ្ញត្តិផ្សេងៗទៀតនៅក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន នឹងត្រូវចាប់អនុវត្តភ្លាមៗនៅក្នុងរយៈពេល១២ (ដប់ពីរ) ខែបន្ទាប់ពីច្បាប់នេះចូលជាធរមាន។

ការនិរាករណ៍បទប្បញ្ញត្តិនៃច្បាប់ផ្សេងៗ

ច្បាប់ស្តីពីអត្រានុកូលដ្ឋាននេះមិនបាននិរាករណ៍ច្បាប់មួយណាឲ្យជាក់លាក់នោះទេ ប៉ុន្តែប្រសិនបើមានបទប្បបញ្ញត្តិនៃច្បាប់ណាមួយដែលមានអានុភាពនៅពេលច្បាប់ស្តីពីអត្រានុកូលដ្ឋានត្រូវបានអនុវត្តហើយមានខ្លឹមសារផ្ទុយនឹងបទប្បបញ្ញត្តិនៃច្បាប់ស្តីពីអត្រានុកូលដ្ឋាន នោះច្បាប់ស្តីពីអត្រានុកូលដ្ឋាននេះនឹងនិរាករណ៍បទប្បបញ្ញត្តិនោះត្រឹមទំហំដែលផ្ទុយនឹងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ចាប់ពីកាលបរិច្ឆេទអនុវត្តនៃច្បាប់ស្តីពីអត្រានុកូលដ្ឋានតទៅ។

 

បញ្ជាក់៖ អត្ថបទខ្លីស្តីពីច្បាប់នេះគ្រាន់តែជាពត៌មានទូទៅមួយចំនួនអំពីប្រធានបទតែប៉ុណ្ណោះ មិនមានបំណងបង្កើតជាការប្រឹក្សាយោបល់ផ្នែកច្បាប់នោះទទេ។